សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមជាតិ នឹងសេដ្ឋកិច្ចកម្ពុជា នេះការលើកឡើង​របស់រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​

TEP VIRAK
បញ្ចូលដោយ -

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋ កិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ លើកឡើងថា៖”សហគ្រាសធុនមីក្រូ តូច និងមធ្យម មានចំនួនច្រើនលើសលប់ និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។”


ការថ្លែងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកម្មវិធី ប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី២ ក្រោមមូលបទ៖ "ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច" ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។


ឯកឧត្តមបន្តថា កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។


យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។  វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍។


យោងតាមសារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិ៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះ ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។”


សារលិខិតក៏បានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ថាបានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២០.០០០ នាក់ បានទទួលសេវាឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ។

ព្រឹត្តិការណ៍នេះមានកម្មវីធីសំខាន់ៗចំនួន៣គឺ ការតាំង បង្ហាញផលិត ផលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម កិច្ចពិភាក្សាលើប្រធានបទគន្លឹះចំនួន៤ និង “វេទិកាវេចខ្ចប់នៅកម្ពុជា” ដែលជាព្រឹត្តិការណ៍អម។ ទិវានេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការ ជា មួយសហគ្រិនខ្មែរ អង្គការ GIZ អង្គការ UNIDO ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន៕