(ព្រៃវែង)៖ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងឆមាសទី១ ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានមតិណែនាំមន្ដ្រី មន្ដ្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែង។
ក្នុងឱកាសនោះឯកឧត្តម ម៉ែន សាម៉ន បានជំរុញមន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹង យុគ្គសម័យឌីជីថលស្រប ទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍រីកចម្រើនលើបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើពិភពលោកដែលកំពុងតែវិវឌ្ឍន៍ជាបន្តបន្ទាប់នេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ និងក្រុមការងារព័ត៌មាន និងសាធារណៈមតិ ដែលបានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ទទួលបាននូវលទ្ធផលល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តមបានញ្ជាក់ថា កាលពីមុនមន្ទីរព័ត៌មានមិនសូវមានអ្នកស្គាល់នោះទេ តែបច្ចុប្បន្ន មន្ទីរព័ត៌មានត្រូវបានគេទទួលស្គាល់តាមរយៈការខិតខំប្រឹងប្រែងផលិតព័ត៌មាន នៅតាមបណ្ដា ក្រុង ស្រុក ឃុំ សង្កាត់ លើគ្រប់វិស័យទាំងអស់ដើម្បីបង្ហាញឲ្យសាធារណជនបានឃើញ ពីភាពរីកចម្រើនអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងបានគ្រប់គ្រង ព័ត៌មានសាធារណៈមតិបានល្អ ដោយបានធ្វើការបកស្រាយ នៅព័ត៌មានក្លែងក្លាយបំភ្លើសបំភ្លៃបានទាន់ពេលវេលា។
ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងក៏បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពធនធានមនុស្សដល់មន្ត្រីព័ត៌មាន ក្នុងការងារព័ត៌មានកន្លងមក ហើយក្រសួងនៅតែបន្តរៀបចំវគ្គបណ្ដុះបណ្ដាល ដល់មន្ទីរព័ត៌មានទាំង ២៥ រាជធានី ខេត្ត ដើម្បីឲ្យមានធនធានគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យ។
បន្ថែមលើសពីនេះលោកបានផ្តាំផ្ញើថ្នាក់ដឹកនាំមន្ត្រីទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀត ជាពិសេសសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបន្តដឹកនាំវិស័យព័ត៌មាននៅក្នុងខេត្តឲ្យបានរីកចម្រើនជាបន្តទៀត៕