(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងការបរទេសកត់សម្គាល់នូវការបារម្ភចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសថៃ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ ដែលថា យោធាថៃនឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគ២ របស់ថៃ បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដោយ៖ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និង ទី២) ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើតាមលោក ជុំ សុន្ទរី កម្ពុជាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជា បានបកស្រាយខុសចំពោះការលើកឡើងរបស់មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា បដិសេធចោលនូវការលើកឡើងរបស់ក្រសួងការបរទេសថៃ ថាកម្ពុជាបានបកស្រាយខុស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ដោយការបារម្ភ ចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មេបញ្ជាការយោធភូមិភាគ២ របស់ថៃ ដែលថា យោធាថៃនឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់»។
កម្ពុជាបានចាត់ទុកថា ការប្រកាសរបស់មេបញ្ជាការយោធភូមិ២ របស់ថៃ គឺជាភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន៕