ខេត្តបន្ទាយមានជ័យ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃប្រដាប់ដោយខែល ដំបង និងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ទាហានថៃ បានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃ ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង! ។
សូមបញ្ជាក់ថា ៖ យ៉ាងណាក៏ដោយ គិតត្រឹមល្ងាចម៉ោង៥នេះ កងកម្លាំងជួរមុខទាំងកងទ័ព នគរបាល និងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ កំពុងនៅបន្តឈរការពារបូរណភាពទឹកដីយើងយ៉ាងរឹងមាំដដែល ។
បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជា ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ៕







