រាជធានីភ្នំពេញ ៖ សាច់ជ្រូកប្រមាណជិត១តោន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង១២កណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នាពេលកន្លងទៅ ស្ថិតនៅទីតាំងចាក់សំរាមស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេពុំដឹងមូលហេតុច្បាស់លាស់ទេថា សាច់ខូចគុណភាព ឬមានបញ្ហាអ្វីសោះ ឬហូបមិនអស់បានយកមកចោល។
សាច់ជ្រូកនេះមិនដឹងថា បានបោះចោលតាំងពីថ្មើណានោះទេ ហើយមានប្រជាពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត បានយកសាច់ទាំងនោះទៅធ្វើម្ហូបដោយពុំគិតពីបញ្ហាផលប៉ះពាល់នោះទេ។ បើតាមមតិប្រជាពលរដ្ឋខ្លះ បាននិយាយថា សាច់នេះអាចមានបញ្ហាទើបគេយកមកបោះចោល ប្រសិនបើមានគុណភាពល្អសាច់ស្រស់បែបនេះប្រាកដជាគេយកទៅលក់ហើយ មិនមែនចោលទទេបែបនេះទេ ហើយម្យ៉ាងទៀតអ្នកយកទៅបរិភោគគួរពិចារណាផង ជៀសវាងប៉ះពាល់សុខភាពទៅអនាគត់។
បន្ទាប់ពីឃើញសកម្មភាពមិនប្រក្រតីដែលអ្នកយកទៅបរិភោគអាចប៉ះពាល់សុខភាព អ្នកជិតខាងក្បែរនោះបានរាយការណ៍អាជ្ញាធរមូលដ្ឋានដើម្បីត្រួតពិនិត្យមើលសិន និងណែនាំប្រជាពលរដ្ឋកុំយកទៅបរិភោគ ទុកឲ្យអាជ្ញាធរបញ្ជាក់ឲ្យច្បាស់លាស់សិនអាចបរិភោគឬទេ បើអាចហូបបាននឹងបញ្ជាក់នៅពេលក្រោយ។
ពាកព័ន្ធនឹងករណីនេះ អាជ្ញាធរមូលដ្ឋានបានរាយការណ៍បន្តទៅមន្ត្រីជំនាញពាក់ព័ន្ធ តែមិនទាន់ឃើញមានចំណាត់ការអ្វីនោះទេ រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ដោយអាជ្ញាធរបានដាក់កម្លាំងចាំឃ្លាំមើល និងស្រាវជ្រាវស្វែងរកអ្នកយកសាច់ជ្រូកនេះមកបោះចោល ដើម្បីនាំយកទៅសួរនាំតាមជំនាញ ។ ព្រោះគេចង់ដឹងណាស់ តើមូលហេតុអ្វី ទើបគេដឹកយកមកបោះចោលបែបនេះ ?









