ឯកឧត្តម ប៉ែន បូណា អំពាវនាវ​ដល់ជនរួមជាតិ​ខ្មែរ​ បន្ដរក្សាមហាសាមគ្គី​ជាតិឲ្យ​បានស្ថិតស្ថេរជារៀង​រហូត​

TEP VIRAK
បញ្ចូលដោយ -

(ភ្នំពេញ) ៖ ដោយសារ​ស្ថានភាព​មួយ​រយៈពេល​ចុងក្រោយ​នេះ សង្កេត​ឃើញ​ថា បច្ចាមិត្ត​តែងតែ​ធ្វើទុក្ខបុកម្នេញ​ដល់កម្ពុជា​យើងជានិច្ច តួយ៉ាង​ដូច​ភាគី​សៀម​​តែង​តែបង្កើតនូវព្រឹត្តិការណ៍​ផ្សេងៗ​មកបំប្លែងឲ្យខ្មែរ​មានការបែកបាក់សាមគ្គី​ភាពជាដរាប​ ប៉ុន្ដែ​ទោះបីជា​យ៉ាង​ណា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាននឹងកំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការដោះស្រាយ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​។



ទន្ទឹម​នឹង​ស្ថានភាព​បែបនេះ​ ឯកឧត្តម​ ប៉ែន បូណា រដ្ឋមន្ដ្រី​ប្រតិភូ​អមនាយករដ្ឋមន្ដ្រី និង​ជាប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា​ បាន​លើកឡើង​នូវ​ចំណុច​មួយ​ចំនួនជាប្រភេទ​ព័ត៌មាន​មាន​ចរិត​លក្ខណៈ​ញុះញង់​និង​បំបែក​សាមគ្គីភាព​ ក្រោមរូបភាពដូចជា​៖


ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។


ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។


ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។


ចំណុច​ខាងលើនេះ​ហើយ ដែល​នាំ​ឲ្យ​ឯកឧត្តម ប៉ែន បូណា បាន​កត់សម្គាល់និង​មោទនភាព​ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្មនិងយ៉ាងសមស្របនិងទាន់ពេលវេលា ដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។


ឯកឧត្តម​ ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានសូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។


ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។ គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕