(កំពង់ឆ្នាំង)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានអំពាវនាវប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់បឹងទន្លេសាប សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការការពារ និងទប់ស្កាត់ការបំផ្លិចបំផ្លាញពព្រៃលិចទឹកដែលជាធនធានធម្មជាតិ នៅក្នុងបឹងទន្លេសាប។
ប្រធានមន្ទីរ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីការលួចឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិចទឹក ដែលជាធនធានដ៏ពិសិដ្ឋក្នុងបឹងទន្លេសាប ពីសំណាក់ជនខលខូច ដែលបានកើតឡើងនៅក្នុងស្រុកកំពង់លែង និងស្រុកជលគីរី កន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចំពោះករណីការឈូសឆាយដីព្រៃលិ ចទឹក (ដីតំបន់២) របស់រដ្ឋនៅចំណុចកប់ចេស ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញខណ្ឌរដ្ឋបាលខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងរួចរាល់ហើយ។
លោកបានឱ្យដឹងថា «ក្នុងរបាយការណ៍ដែលបញ្ជូនទៅកាន់សាលាដំបូងខេត្ត គឺមន្ត្រីជំនាញរកឃើញជាបឋមថាការឈូសឆាយដីព្រៃលិចទឹក (ដីតំបន់២) នៅចំណុចខាងលើនេះអស់ទំហំប្រមាណជាង ៥ហិកតាតែប៉ុណ្ណោះ។ ដោយឡែកជនល្មើសមន្ត្រីជំនាញ ក៏ពុំទាន់កំណត់បានមុខសញ្ញានៅឡើយនោះទេ គឺឋិតនៅក្នុងអញ្ញតជន (ជនមិនស្គាល់មុខ) នៅឡើយ។ តែករណីនេះមន្ត្រីជំនាញនៅតែបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្វែងរកមុខសញ្ញា ជនល្មើស និងអ្នកពាក់ព័ន្ធយកមកអនុវត្តទៅតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងឡើយ»។
ដោយឡែកករណីទី២៖ មានជនល្មើសចូលឈូសឆាយដីព្រៃលិចទឹក (ដីតំបន់៣) អស់ទំហំជាង១០ហិកតា នៅចំណុចកោះបូរ ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ដែលក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះពិនិត្យទីតាំងឈូសឆាយដោយផ្ទាល់ និងជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក៏ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ករណីនេះលោកក៏បានធ្វើរបាយការណ៍បញ្ជូន ជនល្មើសនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តចាត់ការបន្តរួចរាល់ហើយដែរ។
ដោយសារតែមួយរយៈនេះ កើតមានបទល្មើសការលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋជាច្រើនទីតាំង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវតាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ជូនដល់សាធារណៈជន និងប្រជាពលរដ្ឋរស់នៅជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចបើបងប្អូនបានដឹង នឹងឃើញមានទីតាំងដីព្រៃលិចទឹក (ដីតំបន់៣) ឬក៏ដីព្រៃលិចទឹក (តំបន់២) ជាតំបន់ហាមឃាត់រងកាឈូសឆាយបំផ្លិចបំផ្លាញ ឬទន្ទ្រានយកធ្វើជាកម្មសិទ្ធិ សូមប្រញាប់រាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន ឬក៏រាយការណ៍ការមកមន្ត្រីជំនាញដោយផ្ទាល់ដើម្បីមន្ត្រីជំនាញ និងអាជ្ញាធរចុះទៅពិនិត្យ និងមានចំណាត់ការទៅលើជនប្រព្រឹត្តឱ្យបានទាន់ពេលវេលា៕
.jpg)








