(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។
ក្នុងសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រី បានផ្ញើសារជូនថា ឯកឧត្តមជាទីរាប់អាន តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរដោយស្មោះ និងកក់ក្ត ជាទីបំផុត ជូនចំពោះ ឯកឧត្តម និងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចន្ទគតិ ឆ្នាំមមី ២០២៦។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមជាទីរាប់អានចំពោះ ការសម្រេចបានកំណើនសេដ្ឋកិច្ចជាង ៨% កាលពីឆ្នាំកន្លងទៅ។ ខណៈដែលប្រទេសវៀតណាមកំពុង បន្តវិវឌ្ឍក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសឧស្សាហកម្ម ដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៤៥ . ខ្ញុំសូមជូនពរឱ្យវៀតណាមសម្រេចបានគោលដៅទាំងនេះ ព្រមទាំងរក្សាបាននូវកំណើន និង វិបុលភាពប្រចាំឆ្នាំប្រកបដោយចីរភាព។
ខ្ញុំកត់សម្គាល់ដោយសេចក្តីសោមនស្ស ចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ខ្ញុំសូមរំលឹកដល់កិច្ចពិភាក្សាដោយត្រង់ទៅត្រង់មករបស់យើង ដែលបានបញ្ជាក់យ៉ាងមុតមាំ នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការពង្រឹង ទំនាក់ទំនងដ៏កក់ក្តរបស់យើង ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ។ សូមទេវតាឆ្នាំមមីថែរក្សា ឯកឧត្តម និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ វិបុភាព និងសម្រេចជោគជ័យបន្ថែមទៀត៕
.png)

